ទោះ​ជា​ Desktop ​សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង Laptop ក៏​ដោយ តែ​បើ​យោង​តាមទីផ្សារ​ប្រើប្រាស់​​បង្ហាញ​ថា​ និស្សិត​ភាគ​ច្រើនជ្រើសរើស​ Laptop ជំនួស Desktop ក្នុង​ការ​ទិញយក​ទៅ​ប្រើប្រាស់។
ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំនួន​និស្សិត​ឡើង​មក​រៀន​នៅ​​ភ្នំពេញ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ហើយ​តម្រូវ​ការ​កុំព្យូទ័រ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​ពិត​ជា​ចាំ​បាច់​ណាស់។
ម្ចាស់​ហាង​លក់​កុំព្យូទ័រ​សាន់តិច នៅ​ម្តុំ​សាលា​សន្ធរម៉ុក​បាន​ឲ្យ​ដឹង​ថា Laptop  ​ស្ទើរ​គ្រប់​ម៉ាក​ឥឡូវ​នេះ​ត្រូវ​ប៉ាន់​តែ​ជាមួយ​និស្សិត​ទេ និយាយ​ទៅ​គឺ​លក់​ដាច់​ច្រើន​ជាង Desktop។ ​ ប៉ុន្តែ Desktop ក៏​មាន​ទី​ផ្សារ​ដែរ តែ​អតិថិជន​ Desktop គឺ​ជា​អ្នក​ធ្វើ​ការ​តាម​ក្រុមហ៊ុន។
ម្ចាស់​ហាង​នាំ​ចូល​កុំព្យូទ័រ​ម៉ាក ASUS ផ្ដាច់​មុខ​រូប​នេះ​បញ្ជាក់​ថា ថ្វី​ត្បិត​តែ PC ខ្លះ​ធូរ​ថ្លៃ​ហើយ​លឿន​ជាង Laptop ពិត​មែន តែ Laptop នៅ​តែ​ជា​ជម្រើស​ទី ១ ចំពោះ​និស្សិត។
សារ៉ាន់ និស្សិត​ឆ្នាំ​ទី ១ នៅ​សាកលវិទ្យាល័យ​ស៊ីតិច បាន​បញ្ចេញ​មតិ​ថា គេ​​ទិញ​ Laptop ដោយ​សារ​​វា​ងាយ​ស្រួល​យក​ទៅ​ណា​មក​ណា​ ហើយ​ណា​មួយ​ពេល​ធ្វើ​ Assignment អី​ក៏​ស្រួល​យក​មក​ពិភាក្សា​​គ្នា​ដែរ។ ចំណែក Desktop ធូរ​ថ្លៃ​​ត្រឹម​បី​បួន​រយ​ដុល្លារ​ពិត​មែន តែ​វា​យក​ទៅ​ណា​មិន​កើត​ទេ។
ចំណែក​ឯ​ វណ្ណា និស្សិត​មក​ពី​ខេត្ត​កំពង់​ស្ពឺ បាន​និយាយ​ថា ពេល​ចូល​មហាវិទ្យាល័យ​ដំបូង ស្ទាក់​ស្ទើរ​នឹង​​សម្រេច​ចិត្ត​ថា​ទិញ Desktop ឬ​ក៏​ Laptop។ តែ​ពេល​ចូល​បាន​បី​បួន​ខែ ឃើញ​មិត្ត​រួម​ថ្នាក់​គេ​​ប្រើ Laptop ច្រើន​ ដូច្នេះ​ក៏​សម្រេច​ចិត្ត​ទិញ Laptop ដែរ​ទៅ។ ​ណា​មួយ​ពេល​លោក​គ្រូ Copy មេ​រៀន​ឬ​ឯកសារ​អី​ឲ្យ​ម្ដងៗ ក៏​វា​ស្រួល​ដែរ មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​ Flash ទុក​យក​ទៅ Copy ដាក់​ចូល Desktop នៅ​ផ្ទះ​អី​ទេ។
លើស​ពី​នេះ​ទៀត និស្សិត​ឆ្នាំ​ទី ២ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ផ្នែក​គ្រប់គ្រង​រូប​​នេះ​បន្ត​ថា ប្រើ Laptop ស្រួល​​ម្យ៉ាង​ដែរ​​ ពេល​ចង់​ទៅ​លេង​អ៊ីនធឺណិត​ គ្រាន់​ស្ពាយ​ទៅ​កន្លែង​មាន WIFI គឺ​អាច​ប្រើ​បាន​ហើយ តែ​បើ Desktop វិញ​ ទាល់​តែ​ប្រើ Modem នៅ​ផ្ទះ៕
ចុះ​ចំណែក​ប្រិយមិត្ត​វិញ សុខ​ចិត្ត​ទិញ Laptop ឬ​ក៏ Desktop?